Wednesday, January 15, 2014

រឿង​ ចៅ​តប់​ប្រមល់

រឿង​ ចៅ​តប់​ប្រមល់
  
ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ៤២-៤៤

           កាល​ពី​ព្រេង​នាយ មាន​បុរស​ពីរនាក់បាន​ធ្វើ​កង​ការ​កុសល​ជា​មួយ​គ្នា លុះ​បុរស​ទាំង​ពីរ​រំលាយ​ខន្ធ​ទៅ បុរស​ម្នាក់​បាន​ទៅ​កើត​ជា​ព្រះឥន្រ្ទ បុរស​ម្នាក់​ទៀត​ទៅកើត​ជា​បុរស​កម្សត់ មាន​ប្រពន្ធក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់​លប​យក​ត្រី ជា​អម្រស់​អម្រ​ចិញ្ចឹម​ជីវិត ។ គ្រា​១ ព្រះ​ឥន្រ្ទ​បាន​បើក​ទិព្វ​ចក្ខុ ទត​ឃើញ​បុរស​នោះ វេទ​នា​លំបាក​ដូច្នោះ មាន​សេចក្តី​អាសូរ​ករុណា វេលា​យប់​ព្រះឥន្រ្ទ​យក​មាស​៣​ដុំ ទៅ​ដាក់​ក្នុង​លប​បុរស​នោះ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​លើក​លប​មើល ឃើញ​មាស​មិន​ស្គាល់​ជា​មាស សម្គាល់​ថា​ជា​ថ្ម ក៏​ចោល​ទៅ​ក្នុង​ទឹក ហើយ​ដាក់​លប​ទៅ​ក្នុង​ទឹក​វិញ ។ បុរស​បាន​មើល​លប​ទៀត​គម្រប់​៣ដង ។ ព្រះឥន្រ្ទ​យក​មាស​ដាក់​ក្នុង​លប​ដូច​មុន​ទៀត ។ បុរស​ឃើញ​ដូច្នោះ នឹក​ខឹង ក៏​ចង​មាស​ទាំង​៣ដុំ​នោះ​ពុន​យក​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​ដាំ​បាយ ។ ប្រពន្ធ​បុរស មិន​ស្គាល់​មាស ក៏​យក​ដុំ​មាស​នោះ​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​តាម​បង្គាប់​ប្តី ។
           ក្រោយ​នោះ មាន​ព្រះរាជ​អាជ្ញា​មក​ទារ​ពន្ធ មើល​ទៅ​ឃើញ​ដុំ​មាស ដែល​បុរស​នោះ​ធ្វើ​ថ្ម​ជើង​ក្រាន ក៏​ឱ្យ​​បុរស​យក​មាស៣ដុំ​នោះ​បង់​ពន្ធ ដែល​បុរស​នោះជំពាក់​រាជការ ។ បុរស​នោះ នឹក​អរ​ណាស់ ដោយ​ខ្លួន​ទ័ល​ក្រ​ ហើយ​ព្រះរាជអាជ្ញា យក​ដុំ​ថ្ម​ជើង​ក្រាន​ដូច្នោះ ក៏​ព្រម​តាម បាន​ប្រគល់​ថ្ម​ជើង​ក្រាន​ទាំង ៣ ដុំ​នោះ​ទៅ​ឱ្យ​​ព្រះរាជ​អាជ្ញា​ភ្លាម ។ លុះ​ព្រះ​អាជ្ញា​បាន​ដុំ​មាស​ពី​បុរស​នោះ​ហើយ ក៏​យក​ ១ ដុំ​ទៅ ថ្វាយ​ព្រះមហាក្សត្រ ។ លុះ​ទ្រង់​សាក​សួរ​ពី​ហេតុ​ផល​បាន​មាស​នោះ ព្រះរាជអាជ្ញា​ទូល​តាម​ដំណើរ ។ 

ស្តេច​ទ្រង់​ជ្រាប​ថា មាន​មាស​ពី​បុរស​ដូច្នោះ ទ្រង់​ឱ្យ​ហៅ​បុរស​នោះៗ ទៅ​ដល់​ទ្រង់​សាក​សួរ​ទៀត ។ បុរស​ក្រាប​ទូល​ថា «មាស​របស់​ខ្លួន ៣ ដុំ​បាន​ជូន​មក​ព្រះរាជ​អាជ្ញា​ហើយ» ។ ស្តេច​ឱ្យ​​ទារ​យក​មាស ២ ដុំ​ពី​ព្រះរាជ​អាជ្ញានោះ ហើយ​ទ្រង់​បង្គាប់​ឱ្យ​បុរស​នោះ រក​មាស​មក​ថ្វាយ​ព្រះ​អង្គ​ថែម​ទៀត ។ បុរស​នោះ​ក្រាប​ទូល​ថា «រក​មាស​ទៀត​ពុំ​បាន​ទេ» ។ ស្តេច​ទ្រង់​ឱ្យ​​យក​បុរស​នោះទៅ​ឃុំ ។ ព្រឹក​ឡើង នាយ​តម្រួត​ដែល​ជា​អ្នក​រក្សា​នោះ ប្រើ​ឱ្យ​ធ្វើ​ការ​ដោយ​ជេរ​ស្តី​បុរស​នោះ ។ លុះ​ទ្រង់​ជ្រាប​ដល់​ស្តេចៗ ទ្រង់​ឱ្យ​​ហៅ​បុរស​នោះ មក​សួរ​ពី​ហេតុ​ធ្វើ​ការ​ឱ្យ​​មាន​ទាស់​ចិត្ត​នាយ​តម្រួត ។ បុរស​នោះ​ក្រាប​ទូល​ថា « ទូល​ព្រះ​បង្គំ​មាន​សេចក្តី​តប់​ប្រមល់​នៅ​ក្នុង​ខ្លួន​ខ្លាំង​ណាស់» ។ ស្តេច​ក៏​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ត្រូវ​ចៅ​ឯង​រក​សត្វ​តប់​ប្រមល់​នោះ​មក​ឱ្យ​​អញ បើ​ឯង​រក​ពុំ​បាន​ទេ អញ​នឹង​ឱ្យ​គេ​ពិឃាត​ឯង ក្នុង​គ្រា​នេះ» ។ 

បុរស​ឮ​ដូច្នោះ​ក៏​ភ័យ គិត​ថា «មុខ​ជា​ស្លាប់​ហើយ​ក្នុង​គ្រា​នេះ មិន​ដឹង​ជា​ទៅ​រក​សត្វ​តប់​ប្រមល់​ឯណា​ទេ» តែ​មិន​ហ៊ាន​ប្រកែក ដោយ​ខ្លាច​អំណាច​ស្តេច ក៏​ក្រាប​បង្គំ​លា​ស្តេច​ដើរ​ចេញ​ទៅ ដោយ​បំណង​ថា នឹង​ដើរ​ឱ្យ​​ស្លាប់​ក្នុង​ព្រៃ លុះ​ដើរ​ចូល​ព្រៃ​ឆ្ងាយ​ទៅ ។ ព្រះឥន្រ្ទបើក​ព្រះនេត្រ​ទិព្វ​មក​ឃើញបុរស​នោះ​មាន​សេចក្តី​វេទនា លំបាក​ដូច្នោះ ក៏និមិត្ត​ជា​អាស្រម ១ នៅ​ខាង​មុខ​ទី​ដែល​បុរស​ដើរ​ទៅ ហើយ​ព្រះឥន្រ្ត​កាឡា​ខ្លួន​ធ្វើ​ជា​ព្រះ​មហាឥសី ។ បុរស​មើល​ទៅ​ឃើញ​អាស្រម​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​ឥសី​ក្នុង​អាស្រម​នោះ ។ 

ឥសី​សួរ​ថា «ចៅ​មាន​ហេតុ​អ្វី។ បុរស​នោះ ទូល​ឥសី​តាម​ដំណើរ ដែល​ស្តេច​ឱ្យ​​រក​សត្វ​តប់​ប្រមល់​យក​ទៅ​ថ្វាយ ។ ឥសី​ថា «ចៅ​កុំ​ព្រួយ» រួច​ឥសី​បាន​យក​បំពង់​ពក ១ មក​សែក​មន្ត​វិជ្ជា​សិល្ប៍​សាស្រ្ត​កើត​ជា​ខ្លា សិង្ហ ដំរី​ ពស់ រមាស សុទ្ធ​តែ​ជា​សត្វ​សាហៅ​ទាំង​អស់ ហើយ​ឥសី​សែក​ជប់​បង្រួញ​សត្វ​ទាំង​នោះ ច្រក​ក្នុង​បំពង់​ពក ប្រគល់​បំពង់​ពក​នោះ​ឱ្យ​​ទៅ​បុរស រួច​ផ្តាំ​ថា «ឱ្យ​យក​ទៅ​ថ្វាយ​ស្តេច ប៉ុន្តែ​មុន​នឹង​បើក​​ឆ្នុក ឱ្យ​​ស្តេច​ប្រមូល​ព្រះរាជ​វង្សានុវង្ស​មក​ជួប​ជុំ ហើយ​បិទ​ទ្វារ​វាំង​ឱ្យ​​ជិត សឹម​បើក​​ឆ្នុក​មើល ព្រោះ​សត្វ​នោះ​រត់​រហ័ស​ណាស់»  
           លុះ​បុរស​នោះ​ទទួល​បណ្តាំ​ឥសី​ស្រេច​ហើយ ក៏​នាំ​យក​សត្វ​ដែល​ច្រក​ក្នុង​បំពង់​ពក ទៅ​ថ្វាយ​ស្តេច ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​រក​សត្វ​តប់​ប្រមល់​បាន​ហើយ នៅ​ក្នុង​បំពង់​ពក​នេះ «ហើយ​ក៏​ទូល​តាម​ដំណើរ ដែល​ឥសី​ផ្តាំ​មក ។ ស្តេច​ឱ្យ​​ប្រមូល​ព្រះរាជវង្សានុវង្ស​ជួប​ជុំ​ហើយ ទ្រង់​ចាត់​ការ​បិទ​ទ្វារ​កំពែង​វាំង​ស្រេច ទ្រង់​ឱ្យ​​អាមាត្យ​បើក​ឆ្នុក​បំពង់​ពក​នោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏​ចេញ​ពី​ក្នុង​បំពង់​ពក​មក​ខាំស្តេច​និង​ព្រះរាជវង្សា​នុវង្ស​ទាំង​នោះឱ្យ​​ដល់​នូវ​មរណភាព​អស់​ទៅ ។ 
           ក្រោយ​មក ពួក​អ្នក​នគរ​បាន​ឃើញ​បុរស​នោះ​មាន​ឫទ្ធានុភាព​ដូច្នោះ ក៏​រៀប​អភិសេក​បុរស​នោះឱ្យ​​ឡើង​សោយ​រាជសម្បត្តិ​ ជា​ព្រះមហាក្សត្រ​ក្នុង​នគរ​នោះ​ទៅ ។ 
           សត្វ​ទាំង​ឡាយក៏​លា​ស្តេច​បុរស​នោះចូល​ទៅ​នៅ​ព្រៃ ផ្តាំ​ថា «បើ​ស្តេច​មាន​ភ័យ​ ឬ​មាន​ការ​អ្វី គ្រាន់​តែ​នឹក​ដល់ នឹង​មក​ជួយ​យក​អាសារ​ជា​ដរាប»
                                                  

កម្លាំង​អ្វី មិន​ស្មើ​កម្លាំង​កម្ម



រឿង​ ចៅ​កាំ​បិត​បន្ទោះ

រឿង​ ចៅ​កាំ​បិត​បន្ទោះ

 ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ២៤-៤១

           កាល​ដើម​ឡើយ មាន​បុរស​ពីរ​នាក់ ជា​បង​ប្អូន​នឹង​គ្នា ម្តាយ​ឪពុក​ស្លាប់​អស់​ទៅ​នៅ​តែ​ពីរ​នាក់​បង​ប្អូន ក៏​បបួល​គ្នា​ទៅ​នៅ​វត្ត រៀន​អក្សរ ធម៌​អាថ៌ សាស្រ្តា​បាលី​នឹង​លោក​សង្ឃរាជ លោក​ក៏​មេត្តា​ករុណា​ប្រៀន​ប្រដៅ​ឱ្យ​​រៀន​សូត្រ ។ ក្មេង​ទាំង​ពីរ​នាក់​ព្យាយាម​ណាស់​ រក​ក្មេង​ណា​ស្មើ​គ្មាន ដល់​រៀន​ចេះ​ចប់ លោក​គ្រូ​បំបួស​នេន ។ នេន​ទាំង​ពីរ ពុំ​ខ្ជិល​សោះ ខំរៀន​សូត្រ​និង​បម្រើ​គ្រូ​ពុំ​ឱ្យ​​គ្រូ​អាក់​អន់​ព្រះទ័យ​ឡើយ ។ នេន​ទាំង​ពីរ​បួស​បាន ៥ វស្សា នឹក​ចង់​សិក្ខ ក៏​ចូល​ទៅ​វន្ទាលាគ្រូ​សិក្ខ ។ គ្រូ​ក៏​ព្រម​ឱ្យ​​សិក្ខ​ៗ​រួច​លោក​គ្រូ​ផ្តាំ​បុរស​បងឱ្យ​​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន នឹង​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន ។ ឯបុរស​ប្អូន គ្រូ​ពុំ​បាន​ផ្តាំ​អ្វើ​ឡើយ​ដ្បិត​គ្រូ​មើល​ឱ្យ​ឃើញ​ថា​ បុរស​ប្ទូន​នឹង​បាន​សោយ​រាជ្យ​ជា​សម្តេច​នគរ​ពីរ ទើប​លោក​គ្រូ​ផ្តាំ​ថា «ចៅ​ឯង​ទៅ​រក​ស៊ី​បើ​នឿយ​ណាស់​កុំ​ដេក យក​ប្រពន្ធ​ត្រូវ​មើល​ម្តាយ​ក្មេក ចូល​ដំណេក​កុំ​និយាយ​នឹង​ប្រពន្ធ បើ​ឯង​រក្សា​ពាក្យ​ទាំង ៣​ម៉ាត់​នេះ​បាន ស្មើ​បាន​នគរ​ពីរ អញ​គ្មាន​អ្វីឱ្យ​​ឯង​ទេ» ។ បុរស​ទាំង​ពីរ​នាក់​បង​ប្អូន​ ក៏​លា​គ្រូ​ដើរ​ទៅ ។ 
           បុរស​បង​ទៅ​រក​ស៊ី​ឯស្រុក​ចិន​តាម​ពាក្យ​គ្រូ​ផ្តាំ ក៏​បាន​ជា​ចៅ​សួ​ធំ​មែន ។ បុរស​ប្អូន​មិន​ដឹង​រក​ស៊ី​អ្វី ទៅ​នៅ​នឹង​បង​ប្អូន​ញាតិ​សន្តាន គេ​ក៏​អាណិត​ដណ្តឹង​ប្រពន្ធ​រៀប​ការ​ធ្វើ​ផ្ទះ​ឱ្យ​នៅ ។ បុរស​នោះ​ភ្លេច​ពាក្យ​គ្រូ​ផ្តាំ ក៏​នៅ​រក​ស៊ី​នឹង​ប្រពន្ធ ជូន​មាន​ស៊ី​ជួន​អត់ បាន​ព្រឹកអត់​ល្ងាច​ បាន​ល្ងាច​អត់​ព្រឹក សំពត់​ស្លៀក​ក៏​គ្មាន មាន​តែ​ខោ​កញ្ចាស់​ពាក់​កណ្តាល​ភ្លៅ​មួយ ដាច់​លេច​មុខ​លេច​ក្រោយ ។ បុរស​នោះ​តែង​ដើរ​ទៅ​កំពង់​ទឹក ក្រែង​មាន​គេ​មក​ពី​ស្រុក​ចិន នឹង​បាន​សួរ​ដំណឹង​ពី​បង​ខ្លួន ។ 
           ថ្ងៃ​១​មាន​សំពៅ​មួយ​មក​ពី​ស្រុក​ចិន បុរស​នោះ​ក៏​ចុះ​ទៅ​សួរ​គេ​ថា «អ្នក​នាយ​សំពៅ​អើយ! អ្នក​ដែល​បាន​ប្រទះ​ឃើញ​ខ្មែរ​ម្នាក់​ដែរ​ឬ​ទេ ? គាត់​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន ៥​ឆ្នាំ​ហើយ» ។ នាយ​សំពៅ​ប្រាប់​ថា «ឃើញ​ខ្មែរ​ម្នាក់​ដែរ ឥឡូវ​គេ​បាន​ជាចៅសួ​មាន​ងារ​ធំ​ក្នុង​ស្រុក​ចិន គ្មាន​អ្នក​ណា​មាន​ស្មើ​ទេ។​ បុរស​សួរ​ទៅ​នាយ​សំពៅ​ទៀត​ថា «អ្នក​នាយ​សំពៅ​អញ្ចើញ​ទៅ​វិញ​ថ្ងៃ​ណា?»​នាយ​សំពៅ​ថា «​៣​ថ្ងៃ​ទៀត​ខ្ញុំ​វិល​ទៅ​វិញ​ហើយ » ។ បុរស​និយាយ​នឹង​នាយ​សំពៅ​ថា «អ្នកនាយ​សំពៅ បើ​អ្នក​អញ្ជើញ​ទៅ​វិញ សូម​អ្នក​អាណិតឱ្យ​ខ្ញុំ​សូម​ដោយ​សារ​ទៅ​ផង» ។ នាយ​សំពៅ​ព្រម​ឱ្យ​​ទៅ ។ បុរស​នោះក៏​លា​នាយ​សំពៅ​មក​ផ្ទះ​វិញ ។

ទៅ​ដល់​ផ្ទះ បុរស​និយាយ​នឹង​ប្រពន្ធ​ថា «នាង​អើយ!​យើង​សព្វ​ថ្ងៃ​នេះ ក្រលំបាក​ណាស់ ឥឡូវ​នេះ​ឮ​ដំណឹង​ថា​បង​អញ ដែល​ទៅ​នៅ​ស្រុក​ចិន​គេ​មាន គេ​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន ​ឥឡូវ​បង​ចង់​ទៅ​សួរ ក្រែង​បង​គេ​ឃើញ​ឯង​ក្រ គេ​អាណិត​ឱ្យ​​ប្រាក់​កាស​ចាយ សំពត់​អាវ​ស្លៀក​ពាក់​ខ្លះ» ។ ប្រពន្ធ​ឮ​ប្តី​ថា​ដូច្នោះ សួរ​ថា «ចុះ​អ្នក​ទៅ​ជា​មួយ​អ្នក​ណា? » ។ បុរស​ជា​ប្តី​ប្រាប់​ថា បង​សុំ​ដោយ​សារ​សំពៅ​គេ គេ​ព្រម​ឱ្យ​​ទៅ ៣ ថ្ងៃ​ទៀត​ គេ​ចេញ​សំពៅ​ហើយ» ។ ប្រពន្ធ​ថា «បើ​អ្នក​ទៅ​ក៏​ទៅ​ចុះ» ។ លុះ​ដល់​៣​ថ្ងៃ បុរស​ក៏​ចុះ​ទៅ ។ នាយ​សំពៅ​ឃើញ​បុរស​នោះ​ទៅ ក៏​គេ​ហៅ​ចុះ​សំពៅ​ចេញ​ទៅ ។ កាល​បើ​សំពៅ​រៀង​ទៅ បុរស​នោះ​មើល​ថែ​ទាំ ជួយ​រក្សា​របស់​ទ្រព្យ​នាយ​សំពៅ​ដូច​របស់​ខ្លួន ។

នាយ​សំពៅ​ឃើញ​បុរស​នោះ​មាន​គំនិត​មារយាទ​ល្អ ក៏​ស្រឡាញ់​រាប់​អាន​អាណិត ឱ្យ​បាយ​ទឹក​ស៊ី​តែ​សព្វ​ថ្ងៃ​រៀង​ទៅ​ ។ ឯ​ប្រពន្ធ​បុរស​នោះ​ កាល​ក្រោយ​បុរស​ជា​ប្តី​ទៅ​ស្រុក​ចិន ក៏​លួច​មាន​សហាយ​យក​មក​ដេក​យប់ ។ ថ្ងៃ​ឱ្យ​ទៅ​វិញ ។ និយាយ​ពី​បុរស​ដែល​ទៅ​ជា​មួយ​នឹង​នាយ​សំពៅ លុះ​ដល់​ស្រុក​ចិន ក៏​សួរ​នាយ​សំពៅ​ថា​« វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ថ្ងៃ​ណា ប្រាប់​ខ្ញុំ​ផង» ។ នាយ​សំពៅ​ប្រាប់​ថា «៣​ថ្ងៃ​ទៀត​នឹង​ចេញ​ទៅ»​។ បុរស​ឮ​ដូច្នោះ​ក៏​ទៅ​សួរ​រក​បង ទៅ​ដល់​មាត់​ទ្វារ​ផ្ទះ​បង ឃើញ​មនុស្ស​ចាំ​ទ្វារ​សួរ​គេ​ថា «នេះ​ហើយ​ឬ ផ្ទះ​លោក​ចៅ​សួ​ខ្មែរ ។ អ្នក​ចាំ​ទ្វារ​ប្រាប់​ថា «នេះ​ហើយ​ផ្ទះ​លោក​ចៅ​សួ» ។ អ្នក​ចាំ​ទ្វារ​សួរ​បុរស​វិញ​ថា «អ្នក​ឯង​មក​ពី​ណា​មក​សួរ​រក​ផ្ទះ​ចៅ​សួ

បុរស​ប្រាប់​ថា «ខ្ញុំ​មក​ពី​ស្រុក​ខ្មែរ​លោក​ចៅ​សួ​នេះ ជា​បង​ខ្ញុំ​បង្កើត» ។ មនុស្ស​ចាំ​ទ្វារ មើល​ទៅ​បុរស​នោះ រូប​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ សំពត់​គ្មាន​ដណ្តប់​ លេច​មុខ​ចេញ​ក្រោយ មិន​សម​ប្អូន​លោក​ចៅ​សួ​ខ្លួន​សោះ ។​ អ្នក​ចាំ​ទ្វារ​មិន​ស្ងៀម ទៅ​ប្រាប់​លោក​ចៅ​សួ​ៗ​មិន​នៅ ទៅ​គាល់​ស្តេច ក៏​ជម្រាប​ប្រពន្ធ​ថា «អ្នក​ចៅ​ហ្វាយ​ស្រី! មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​ខ្មែរ រូប​អាក្រក់​ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ គន់​ទៅ​ខោ​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ ហើយ​ប្រាប់​ខ្ញុំ​ថា «ត្រូវ​ជា​បង​ប្អូន​លោក​ចៅ​ហ្វាយ​ប្រុស​បង្កើត​ឥឡូវ​ខ្ញុំ​បាន​ឱ្យ​​ចាំ​នៅ​មាត់​ទ្វារ» ។ នាង​ជា​ប្រពន្ធ​ចៅ​សួ​នោះ នឹក​ខឹង​ថា «អាមនុស្ស​កម្សត់​ទុគ៌ត​នេះ​មក​ពី​ណា ក៏​ហ៊ាន​មក​បង្កាច់​កេរ្តិ៍​ថា ប្តី​អញ​ជា​បង​វា​បង្កើត» ក៏​ប្រើ​មនុស្ស​ឱ្យ​ទៅ​ចាប់​បុរស​នោះ ដាក់​ច្រវាក់​ទុក​នៅ​រោង​សេះ​ថា «ចាំ​ប្តី​មក​នឹង​ឱ្យ​​យក​ទៅ​សម្លាប់»

បុរស​នោះ លុះ​គេ​យក​ទៅ​ដាក់​ច្រវាក់​ក៏​នឹក​ថា «ឱអញ​អើយ! សង្វាត​មក​ពី​ស្រុក​ខ្មែរ ដល់​ស្រុក​ចិន​ព្រោះ​តែ​បង ឥឡូវ​គេ​មាន គេ​ពុំ​គិត​អាណិត​ឈាម ដែល​កើត​មក​ពោះ​ជា​មួយ​គ្នា​សោះ គេ​ឆ្មើង​មាន គេ​ហ៊ាន​ចាប់​ឯង​មក​ដាក់​ច្រវាក់​នឹង​សម្លាប់​ផង «ឱអញ​អើយ​!បើ​ទៅ​ស្រុក​ខ្មែរ​វិញ រក​ស៊ី​តាម​ខ្លួន​ក្រ​គ្មាន​នរណា​ហ៊ាន​ធ្វើ​បាន​ទេ» ។ បុរស​នោះ​ពុំ​ដឹង​ជា​បង​ទៅ​គាល់​ស្តេច​ ។
លុះ​ចៅ​សួ​ជា​បង​វិល​មក​ដល់​ផ្ទះ ប្រពន្ធ​ប្រាប់​ថា «មាន​បុរស​កម្សត់​ម្នាក់​មក​ពី​ស្រុក​ខ្មែរ​និយាយ​ថា លោក​ជា​បង​បង្កើត តែ​ខ្លួន​នោះ​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ​ដាច់​ដាច​លេច​មុខ​លេ​ចក្រោយ ឥឡូវ​ខ្ញុំ​ឱ្យ​ដាក់​ច្រវាក់​ទុក​នៅ​រោង​សេះ ចាំ​លោក​អញ្ជើញ​មក ឱ្យ​​នាំ​ទៅ​សម្លាប់» ។ ចៅ​សួ​ជា​បង​ឮ​ហើយ​ថា «ទៅ​យក​វា​មក​មើល ក្រែង​ប្អូន​បង្កើត​មែន» ហើយ​ចៅ​សួ​ឱ្យ​ដោះ​ច្រវាក់​បុរស​នោះ ។ លុះ​បុរស​នោះ​មក​ដល់​ស្គាល់​ជា​ប្អូន​បង្កើត​មែន ក៏​រៀប​បាយ​ឱ្យ​ស៊ី មើល​ទៅ​ប្អូន​ឃើញ​ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ​ចៅ​សួ​ក៏​ឱ្យ​ខោ​មួយ​ស្លៀក ហើយ​សួរ​ប្អូន​ថា «ប្អូន​នៅ​ឯ​នាយ មិន​ដឹង​រក​ស៊ី​អ្វី​ទេ ក្រណាស់​ ហើយ​មាន​ប្រពន្ធ​ផង​បាន​អី​ស៊ី» ។ បង​ឮ​ប្អូន​និយាយ​ក៏​នឹក​អាណិត​ប្អូន មិន​ចេញ​ស្តី ហើយ​សួរ​ថា «ប្អូន​មក​ជា​មួយ​អ្នក​ណា។ បុរស​ប្អូន​ជម្រាប​ថា «ខ្ញុំ​មកនឹង​នាយ​សំពៅ គេ​ឱ្យ​​ដោយ​សារមក​»

ចៅ​សួ​បង​ថា «ចុះ​គេ​ទៅ​វិញ​ថ្ងៃ​ណា» ។ បុរស​ប្អូន​ប្រាប់​បង​ថា «៣​ថ្ងៃ​ទៀត គេ​ចេញ​សំពៅ​ទៅ​វិញ» ។ ចៅ​សួ​បង​ដឹង​ដូច្នោះ ក៏​ស្ងៀម​ទៅ​ឱ្យ​លើក​បាយ​មក ហៅ​បុរស​ជា​ប្អូន​ស៊ី​ជា​មួយ​គ្នា លុះ​ស៊ី​រួច​ប្រាប់​ប្អូន​ថា «ប្អូន​នៅ​ដេក​ផ្ទះ​នេះ​ចុះ បង​ទៅ​លេង​ផ្ទះ​ចិន​សែ» ។ ចៅ​សួ​ទៅ​ផ្ទះ​ចិន​សែ ចិន​សែ​ឃើញ​ក៏​រៀប​កៅ​អី ថ្នាំ​ចិន​ខ្សៀ​ទឹក​តែ​ទទួល ហើយ​ចៅ​សួ​និយាយ​នឹង​ចិន​សែ​ថា «អ្នក​ចិន​សែ​ខ្ញុំ​មក​រក​មើល​ឱ្យ​​ប្អូន​ខ្ញុំ​បន្តិច វា​ចេះ​តែ​ក្រី​ក្រ​អ៊ី​ចឹង​ទៅ ឬ​វា​នឹង​គ្រាន់​បើ​នឹង​ឡើង​ដែរ? »

ចិន​សែ​ទាញ​សៀវភៅ​រក​មើល​សព្វៗទៅ​ទាយ​ថា «ប្អូន​លោក​មិន​ជា​អ្នក​ក្រ​រហូត​ទេ​ ៧ ឆ្នាំ​ទៀត នឹង​បាន​សោយ​រាជ្យ​ជា​ស្តេច​នគរ​ពីរ លោក​នឹង​បាន​ជា​ធំ​ក្នុង​រាជការ​ដោយ​សារ​ប្អូន ប៉ុន្តែ​ឥឡូវ​នេះ​លំបាក​ណាស់ ដល់​វិល​ទៅ​ស្រុក​វិញ​ពាក់​កណ្តាល​ផ្លូវ និង​បាន​ទ្រព្យ​តម្លៃ​នគរ​ពីរ​ជា​សម្រាប់​ខ្លួន តែ​ថា​ឃ្លាត​ទៅ​វិញ ដល់​កំណត់​បាន​សោយ​រាជ្យ នឹង​បាន​ទ្រព្យ​នោះ​មក​ជា​សម្រាប់​បុណ្យ​វិញ​ទាំង​អស់»

ចៅ​សួ​បាន​ដឹង​ដំណឹង​ប្អូន​ដូច្នោះ ក៏​លា​ចិន​សែ​ទៅ​ផ្ទះ​វិញ ។ ដល់ ៣ ថ្ងៃ នាយ​សំពៅ​គេ​ផ្ទុក​សំពៅ រៀប​នឹង​ចេញ​ទៅ​ថ្ងៃ​នោះ ចៅ​សួ​ជា​បង​យក​ផា​ឌិប​មក ហែក​មួយ​ត្បូង ហុច​ទៅ​ឱ្យ​​បុរស​ជា​ប្អូន ។ បុរស​ជា​ប្អូន ក៏​ទទួល​យក​ផាឌិប​មួយ​ត្បូង​លា​បង​ចុះ​ទៅ ដើរ​បណ្តើរ​គិត​បណ្តើរ នឹក​តូច​ចិត្ត​ស្ទើរ​មិន​ចង់​កាន់​ផាឌិប​នោះ​សោះ ចេះ​តែ​នឹក​តូច​ចិត្ត​ថា «ឱ! បង​ប្អូន​នឹង​គ្នា តាំង​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​ទៅ នៅ​កំព្រា​តែ​បង​ប្អូន​ពីរ​នាក់ កាល​វេលា​ក្រ ចេះ​ស្រឡាញ់​រាប់​អាន​គ្នា ដល់​វេលា​មាន​ទាត់​គ្នា​ចោល ឆ្មើង​មាន ស្ទើរ​មិន​រាប់​គ្នា មាស​ប្រាក់ ដាក់​ឃ្លាំង​គរ​គោក មិន​ហ៊ាន​យក​ឱ្យ​គ្នា​មួយ​ស្លឹង យក​តែ​ខ្មោច​ផា​ឌិប​ឱ្យ​​គ្នា​មួយ​ត្បូង»
លុះ​បុរស​នោះ​ដើរ​ទៅ​ដល់​កំពង់ ក៏​ឡើង​លើ​សំពៅ នាយ​សំពៅ ឱ្យ​កូន​ឈ្នួល​ស្រាវ​យុថ្កា​សា​ក្តោង​បើក​ទៅ ហើយ​នាយ​សំពៅ​សួរ​បុរស​នោះ​ថា «ប្អូន​ទៅ​ឯលោក​ចៅ​សួ តើ​លោក​ឱ្យអ្វី​ខ្លះ។ បុរស​ប្រាប់​នាយ​សំពៅ​ថា «គ្មាន​ឱ្យ​អ្វី​ទេ ​ឱ្យ​តែ​ផាឌិប​មួយ​ត្បូង​និង​ខោ​មួយ»

នាយ​សំពៅ​បាន​ដឹង​ហើយ​ក៏​នៅ​ស្ងៀម ។ លុះ​បើក​សំពៅ​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ យប់​ងងឹត​នឹង​ទៅ​ពុំ​រួច ក៏​ឱ្យ​បោះ​យុថ្កាដេក ។ ហេតុ​តែ​បុណ្យ​ដល់​បុរស​ក៏​នឹង​ឃើញ​ពាក្យ​ដែល​គ្រូ​ផ្តាំ​ថា «នឿយ​ណាស់​កុំ​ដេក ឥឡូវ​អស់​អ្នក​សំពៅ​នេះ​ដេក​អស់​ ដូច្នេះ​ អញ​កុំ​ឱ្យ​​ដេក» ក៏​អង្គុយ​នៅ​ក្បែរ​ដង​ក្តោង ពុំ​ហ៊ាន​ដេក ។ លុះ​ដល់​អធ្រាត្រ មាន​យក្ខ​១ ហោះ​មក​ឃើញ​សំពៅ វា​ចុះ​មក​ប៉ង​នឹង​ស៊ី​មនុស្ស ហើយ​វា​ឈ្ងោក​មើល​ទៅ​ក្នុង​សំពៅ ធ្លាក់​ពុក​មាត់​ទៅ​លើ​បុរស​នោះៗ ក៏​ស្ទុះ​ទៅ​ស្រវា​ចាប់​ជាប់​ហើយ​ស្រែក​ថា «អា​ឯង ស្លាប់​នឹង​ដៃ​អញ​ឥឡូវ​នេះ​ហើយ»

យក្ខ​ឮ​បុរស​ថា​ដូច្នោះ ភិត​ភ័យ​ណាស់ តែ​ស្ទុះ​ទៅ​មិន​រួច ដ្បិត​បុរស​នោះ​ចាប់​ពុក​មាត់​ជាប់ យក្ខ​ភ័យ​ក្រែង​ស្លាប់ ក៏​និយាយ​នឹង​បុរស​នោះ​ថា «អ្នក​បុរស​អើយ! បើ​អ្នក​អាណិត​លែង​ខ្ញុំៗ​នឹង​តប​គុអ្នក ជា​ខ្សែ​ចង​ដៃ ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង ។ ខ្សែ​និង​ដំបង​នេះ បើ​មាន​បច្ចាមិត្រ​ពី​ណា​មក​ប្រមាថ ឱ្យ​តែ​ខ្សែ​ទៅ​ចង​ដំបង​ទៅ​វាយ​ បច្ចាមិត្រ​នោះ នឹង​ស្លាប់​វិនាស​អន្តរាយ​អស់ ។ ឯឆ្នាំ​នេះ បើ​ឃ្លាន​អាហារ​ចំណី ហើយ​និង​ចង់​បរិភោគ​អាហារ​ចំណី​អ្វី ប្រាប់​ឆ្នាំង​ថា៖ «ឆ្អិន​ឡើង​អញ​ស៊ី» ក៏​ឆ្អិន​ឯង​ ។


នឿយ​ណាស់​កុំ​ដេក យក​ប្រពន្ធ​ឱ្យ​មើល​ម្តាយ​ក្មេក ដេក​យប់​កុំ​និយាយ​នឹង​ស្រី


រឿង​ ចោរ​ចិត្ត​ជា

រឿង​ ចោរ​ចិត្ត​ជា

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ៥៧ – ៦៤
          កិរ​ដូច​បាន​ឮ​តៗ​មក​ថា៖ កាល​នោះ​ មាន​ក្មេង​ប្រុស​ម្នាក់​ នៅ​ស្រុក​មួយ​ អ្នក​ស្រុក​គេ​ហៅ​ថា «អា​ចោរ​ចិត្ត​ជា» ។ លុះ​ក្មេង​នោះ​ ចម្រើន​ធំ​ឡើង​ឪពុក​ស្លាប់​ទៅ​ នៅ​តែ​ម្ដាយ ។ ចៅ​នោះ​មិន​គិត​ធ្វើ​ការ​រក​ស៊ី​អ្វី​សោះ​ តែ​វេលា​យប់​កាលណា​ ដើរ​រក​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ស្រុក​ទាំង​ពួង ។ មាតា​ទូន្មាន​ប្រដៅ​ដូចម្ដេច​ ក៏​មិន​ព្រម​ធ្វើ​តាម​ ទើប​មាតា​យក​ទៅ​ឱ្យ​នៅ​វត្ត​ រៀន​អក្សរ ។ ចៅ​នោះ​ក៏​មិន​ខំ​រៀន​សូត្រ​ឡើយ​ ប្រព្រឹត្ត​តែ​ដើរ​លួច​ទ្រព្យ​គេ​ យក​មក​ចិញ្ចឹម​មាតា​និង​អាត្មា ។ គ្រូ​រំឭក​ប្រដៅ​ដូចម្ដេច​ម្ដា​ ក៏​មិន​ព្រម​ស្ដាប់ ។
          ថ្ងៃ​មួយ​ស្ដេច​ក្នុង​នគរ​នោះ​ ទ្រង់​ចេញ​ប្រថាប់​ចុង​ព្រះ​រាជ​រោង​ ឱ្យ​សេនាបតី​ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ចូល​គាល់​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា «មាន​ខេត្ត​មួយ​នៅ​ទំនេរ​ ពុំ​ទាន់​មាន​ឈ្មោះ​ណា​ទៅ​ឈរ​រក្សា​ បើ​អ្នក​ណា​យក​ប្រាក់​៤០​កហាបណៈ​ មក​ដាក់​ឃ្លាំង ​យើង​នឹង​ឱ្យ​​ទៅ​ឈរ​ជា​ចៅហ្វាយ​ស្រុក​ក្នុង​ខេត្ត​នោះ ។ ត្រាស់​ហើយ​ស្ដេច​យាង​ចូល​ព្រះ​បរម​រាជ​វាំង​វិញ ។ គ្រា​នោះ​មន្រ្តី​តូច​ម្នាក់​វិល​មក​ផ្ទះ​ដេក​កើត​ទុក្ខ​ ចង់​ធ្វើ​ចៅហ្វាយ​ស្រុក​ពន់ពេក ។ លុះ​ដល់​វេលា​យប់​ចូល​ដំណេក​និយាយ​នឹង​ភរិយា​ថា «នាង​អើយ​ ឥឡូវ​នេះ​ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា​ បើ​ឈ្មោះ​ណា​មាន​ប្រាក់​៤០​កហាបណៈ​ ថ្វាយ​ព្រះអង្គ​ដាក់​ឃ្លាំង​ ទ្រង់​នឹង​ឱ្យ​​ធ្វើ​ចៅហ្វាយ​ស្រុក​នៅ​រក្សា​ស្រុក​ក្នុង​ខេត្ត​មួយ​ ដែល​នៅ​ទំនេរ» ។ ភរិយា​ឆ្លើយ​ថា «ឱ!  អ្នក​អើយ! ចិត្ត​ខ្ញុំ​ចង់​ឱ្យ​​អ្នក​ធ្វើ​ចៅហ្វាយ​ស្រុក​ណាស់​ តែ​សព្វ​ថ្ងៃ​ យើង​ក្រលំបាក​តោក​យ៉ាក​ពេក​ នឹង​រក​ប្រាក់​ថ្វាយ​ស្ដេច​ពុំ​បាន​ទេ» និយាយ​ហើយ​បន់​ទេវតា​ថា «សូម​ទេវតា​ជួយ​ខ្ញុំ​ឱ្យ​​បាន​ប្រាក់​៤០​កហាបណៈ​ថ្វាយ​ស្ដេច​ ខ្ញុំ​នឹង​បាន​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​គ្រា​នេះ»
          ពេល​នោះ​អា​ចោរ​ចិត្ត​ជា​ វា​ដើរ​លួច​គេ​ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​ មន្រ្តី​នោះ​វា​បាន​ឮ​ដូច្នោះ​ មាន​ចិត្ត​អាណិត​ ក៏​យក​ប្រាក់​៤០​កហាបណៈ​ពី​ផ្ទះ​វា​ វេច​នឹង​កំណាត់​សំពត់​ជាតី​ មក​លូក​ដៃ​តាម​ប្រហោង​ជញ្ជាំង​ទៅ​ទុក​ឱ្យ​​មន្រ្តី​នោះ​ រួច​ត្រឡប់​មក​វិញ ។ លុះ​ភ្លឺ​ច្បាស់​មន្រ្តី​នោះ​ភ្ញាក់​ឡើង​ក្រឡេក​ទៅ​ឃើញ​បង្វេច​សំពត់​ជាតី​ ក៏​ចាប់​លើក​ស្រាយ​មើល​ឃើញ​ប្រាក់​៤០​កហាបណៈ​ អរណាស់​ ប្រាប់​ប្រពន្ធ​ថា «យើង​បាន​ប្រាក់​៤០​កហាបណៈ​ហើយ​ គឺ​ទេវតា​ឱ្យ​» ។ ប្រពន្ធ​ស្ទុះ​មក​មើល​ឃើញ​ច្បាស់​ ក៏​មាន​ចិត្ត​ត្រេកអរ​ពន់ពេក ។
          លុះ​ដល់​ថ្ងៃ​រសៀល​ មន្រ្តី​នោះ​យក​ប្រាក់​៤០​កហាបណៈ​ទៅ​ថ្វាយ​ស្ដេច​ដាក់​ឃ្លាំង ។ ព្រះ​រាជា​ក៏​តាំង​មន្រ្តី​នោះ​ឱ្យ​​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​នៅ​រក្សា​ក្នុង​ខេត្ត​នោះ​ត​ទៅ ។
          ឯ​អា​ចោរ​ចិត្ត​ជា​ កាល​បាន​ដឹង​ថា​មន្រ្តី​នោះ​ បាន​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​ហើយ​ ក៏​ដើរ​ស្វែង​រក​លួច​អ្នក​ស្រុក​ក្នុង​ខេត្ត​នោះ​ ធ្វើ​ដំណើរ​ឱ្យ​​គេ​ចាប់​ខ្លួន​វា​បាន ឯ​ពួក​ម្ចាស់​ទ្រព្យ​ក៏​នាំ​អា​ចោរ​ចិត្ត​ជា​នោះ​ ទៅ​ជូន​ចៅហ្វាយ​ស្រុកៗ​បង្គាប់​មេ​គុក​ឱ្យ​​ដាក់​ច្រវាក់​ ឃុំ​ទុក​ក្រោម​ផ្ទះ​លោក ។ វេលា​យប់​ស្ងាត់​អា​ចោរ​ចិត្ត​ជា​ និយាយ​រអ៊ូ​តែ​ម្នាក់​ឯង​ថា «ឱ ! ហេតុ​តែ​ឯង​មាន​ចិត្ត​អាណិត​គេ កាល​គេ​ចង់​ធ្វើ​ចៅហ្វាយ​ស្រុក​ខ្លួន​ឯង​ ប្រឹង​យក​ប្រាក់​៤០​កហាបណៈ​វេច​នឹង​កំណាត់​ជាតី​ មក​ឱ្យ​​គេ​ទាំង​យប់ ឥឡូវ​គេ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ហើយ​ គេ​មិន​មេត្តា​ករុណា​ឯង​បន្តិច​សោះ​ គេ​ដាក់​ច្រវាក់​ ឃុំ​ឯង​ទុក​ឱ្យ​វេទនា» ។ អា​ចោរ​ចិត្ត​ជា​ និយាយ​តែ​ពាក្យ​ដដែលៗ​ម្នាក់​ឯង​មិន​ឈប់ ។
          ឯ​ចៅហ្វាយ​ស្រុក​និង​ប្រពន្ធ​បាន​ឮ​ចោរ​និយាយ​ដូច្នោះ​ ក៏​ប្រឹក្សា​គ្នា​ថា «គួរ​ឱ្យ​​ឆ្ងល់​ណាស់​ ចោរ​វា​និយាយ​នេះ​ត្រូវ​ដូច​រឿង​ខ្លួន​យើង​ គួរ​តែ​យើង​ចុះ​ទៅ​សួរ​វា​ឱ្យ​​ជាក់​មើល» ។ ទើប​ចៅហ្វាយ​ស្រុក​ ចុះ​ពី​ផ្ទះ​ទៅ​សួរ​ចោរ​នោះ​ថា «ឯង​និយាយ​រឿង​អ្វី​ យើង​ឮ​ តែ​ស្ដាប់​បាន​ខ្លះ​ មិន​បាន​ខ្លះ​ ចូរ​ឯង​និយាយ​រឿង​នោះ​ឱ្យ​យើង​ស្ដាប់​ក្នុង​វេលា​នេះ​ តាម​ពិត​មក​មើល» ។ ទើប​អា​ចោរ​ចិត្ត​ជា​និយាយ​ថា «ខ្លួន​ខ្ញុំ​នេះ​ ជា​មនុស្ស​ប្រព្រឹត្ត​ចោរ​កម្ម​ ដើរ​តែ​លួច​ទ្រព្យ​គេ​រាល់​យប់​ យក​មក​ចិញ្ចឹម​ជីវិត កាល​ដែល​លោក​នៅ​ជា​មន្រ្តី​តូច​ ពុំ​ទាន់​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​នៅ​ឡើយ វេលា​យប់​មួយ​នោះ​ ខ្ញុំ​ដើរ​លួច​គេ​ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​លោក​ ឮ​លោក​និង​ប្រពន្ធ​និយាយ​ថា «យើង​នឹង​រក​ប្រាក់​៤០​កហាបណៈ​ពី​ណា​បាន​យក​ទៅ​ថ្វាយ​ស្ដេច​ ដើម្បី​ឱ្យ​​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ក្នុង​ខេត្ត​មួយ»   ប្រពន្ធ​លោក​ថា «យើង​ក្រីក្រ​ម្ល៉េះ​ នឹង​បាន​ប្រាក់​ពី​ណា ។ ខ្ញុំ​ឮ​ដូច្នោះ​មាន​ចិត្ត​អាណិត​លោក​ ក៏​ទៅ​យក​ប្រាក់​៤០​កហាបណៈ​ពី​ផ្ទះ​ វេច​នឹង​កំណាត់​សំពត់​ជាតី​ មក​ដាក់​ជិត​ក្បាល​ដំណេក​ ទុក​ជូន​លោក​ រួច​ខ្ញុំ​ត្រឡប់​ទៅ​វិញ ថ្ងៃ​ក្រោយ​ឮ​គេ​និយាយ​ថា «លោក​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ ខ្ញុំ​ក៏​មក​លួច​គេ​ក្នុង​ខែត្រ​នេះ​ គេ​ចាប់​ខ្លួន​ខ្ញុំ​បាន​នាំ​មក​ជូន​លោកៗ​ ក៏​ធ្វើ​ទោស​ខ្ញុំ​ មិន​ប្រណី»
          ចៅហ្វាយ​ស្រុក​បាន​ស្ដាប់​ ក៏​ជឿ​ជាក់​ឥត​សង្ស័យ​ ហើយ​ថា​ ឱ! អា​សម្លាញ់​អើយ​ ឯង​និយាយ​នេះ​ពិត​ប្រាកដ​មែន ដែល​អញ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ ពី​ព្រោះ​តែ​ឯង​ជួយ វេលា​នេះ​ឯង​កុំ​ភ័យ​ កុំ​តូច​ចិត្ត អញ​នឹង​ដោះ​ឯង​ឱ្យ​​រួច​ចេញ​ពី​ទោស មួយ​ទៀត​ឯង​និង​អញ​ត្រូវ​យក​គ្នា​ជា​សម្លាញ់​ត​ទៅ ។
          ចៅហ្វាយ​ស្រុក​សួរ​ថា «ឯង​ឈ្មោះ​អី ។ បុរស​នោះ​ជម្រាប​ថា «ខ្ញុំ​ឈ្មោះ​អា​ចោរ​ចិត្ត​ជា» ។ សួរ​រួច​ហើយ​ លោក​ចៅហ្វាយ​ស្រុក​ក៏​ឡើង​ទៅ​លើ​ផ្ទះ​វិញ ។
          លុះ​ភ្លឺ​ច្បាស់​ចៅហ្វាយ​ស្រុក​ បង្គាប់​មេ​គុក​ឱ្យ​​ដោះ​អា​ចោរ​ចិត្ត​ជា​រួច​ពី​ទោស​ ហើយ​និយាយ​ថា «អា​សម្លាញ់​ឯង​នៅ​នឹង​អញ​ចុះ​ អញ​ចិញ្ចឹម​ឯង​ពី​ថ្ងៃ​នេះ​ត​ទៅ​ ឯង​កុំ​លួច​គេ​ទៀត» ។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា «រឿង​លួច​នោះ​ អញ​មិន​ឈប់​ទេ​ ដែល​អញ​លួច​ទ្រព្យ​គេ​នេះ​ គ្រាន់​យក​ទៅ​ចិញ្ចឹម​មាតា​ម៉េម៉ាយ» ។ ចៅហ្វាយ​ស្រុក​ ក៏​ឱ្យ​​ប្រាក់​៣០​កហាបណៈ​ឱ្យ​ទៅ​ឱ្យ​មាតា ។ អា​ចោរ​ចិត្ត​ជា​មិន​ព្រម​យក ។ ចៅ​ហ្វាយ​ស្រុក​សួរ​ថា​ ផ្ទះ​សម្លាញ់​ឯង​នៅ​ឯ​ណា ? ចូរ​ឯង​ប្រាប់​អញ​ឱ្យ​​ត្រង់ ។ អា​ចោរ​ចិត្ត​ជា​ប្រាប់​ថា «អញ​នៅ​ផ្ទះ​នោះ» ហើយ​លា​ចៅហ្វាយ​ស្រុក​ទៅ​ផ្ទះ​វិញ ។
          គ្រា​នោះ​ លោក​យមរាជ​និង​មន្រ្តី​តូច​ម្នាក់​ កើត​ក្ដី​វិវាទ​ទាស់​ទែង​គ្នា​ ជា​យូរ​ខែ​ហើយ, មន្រ្តី​តូច​នោះ​ គុំ​គិត​សម្លាប់​លោក​យមរាជ​នោះ​ឱ្យ​​បាន ។ មន្រ្តី​តូច​នោះ​មាន​ស្រី​បម្រើ​ម្នាក់​ជា​ទី​ទុក​ចិត្ត​ ប្រើ​ដូចម្ដេច​បាន​ទាំងអស់ ។ ស្រី​បម្រើ​នោះ​ខំ​ផ្គាប់ផ្គុន​ចៅហ្វាយ​មិនឱ្យ​ទាស់​ចិត្ត ។ វេលា​យប់​ស្ងាត់​មន្រ្តី​នោះ​និយាយ​នឹង​ស្រី​បម្រើ​ថា «វេលា​នេះ​ ចូរ​ឯង​អាណិត​អញ​ ពី​ព្រោះ​អញ​ស្អប់​លោក​យមរាជ​ណាស់​ អញ​ចង់​សម្លាប់​ចោល​ តែ​មិន​ដឹង​រក​អ្នក​ណា​ជួយ​រឿង​នេះ សព្វ​ថ្ងៃ​អញ​ឃើញ​តែ​ឯង​មាន​ប្រាជ្ញា​ ហើយ​មន្រ្តី​នោះ​បង្គាប់​ស្រី​បម្រើ​ថា «ចូរ​ឯង​ចេញ​ពី​អញ​ទៅ​យក​ប្រាក់​លោក​យមរាជ​ នៅ​នឹង​គេ​ចុះ​ រួច​ឯង​ខំ​ផ្គាប់​ផ្គុន​គេ​ ឱ្យ​​ដូច​កាល​នៅ​នឹង​អញ បើ​ឯង​បម្រើ​ខាង​ក្រៅ​ ដល់​លោក​យមរាជ​នោះ​គេ​ទុក​ចិត្ត​ស្និទ្ធ​ស្នាល​ ត្រូវ​ឯង​ចូល​បម្រើ​ខាង​ក្នុង លុះ​បាន​ហើយ​ឯង​ចាំ​មើល​រាល់​វេលា​យប់​ស្ងាត់​កាលណា​យមរាជ​នោះ​ដេក​លក់​ ចូរ​ឯង​រម្លាយ​សំណ​ឱ្យ​​ក្ដៅ​ពុះ​ រួច​យក​ទៅ​ចាក់​ក្នុង​មាត់​ទៅ​ លោក​យមរាជ​នឹង​ស្លាប់​មិន​ខាន​គ្មាន​អ្នកណា​ដឹង​ឡើយ​ បើ​ឯង​ធ្វើ​បាន​ដូច​គំនិត​នេះ​ អញ​នឹង​ចេញ​ប្រាក់​លោះ​ឯង​មក​វិញ​ឱ្យ​រួច​ពី​ខ្ញុំ​គេ» ។ ស្រី​បម្រើ​នោះ​ទទួល​ការ​សព្វ​គ្រប់ ។
          វេលា​យប់​នោះ​ អាចោរ​ចិត្ត​ជា​ដើរ​លួច​គេ​ ហើយ​វា​មក​អង្គុយ​ក្រោម​ផ្ទះ​មន្រ្តី​នោះ កាល​មន្រ្តី​នោះ​កំពុង​និយាយ​បង្គាប់​ស្រី​បម្រើ​ ឱ្យ​សម្លាប់​យមរាជ​ដូចម្ដេចៗ​ ក៏​វា​ស្ដាប់​ការណ៍​បាន​ទាំងអស់ ។
          ថ្ងៃ​ក្រោយ​ ស្រី​បម្រើ​នោះ​លា​ម្ចាស់​ទៅ​រក​ប្រាក់​លោក​យមរាជ​ ហើយ​សុំ​នៅ​ផង​ លោក​យមរាជ​ក៏​ទទួល​ចេញ​ប្រាក់​ លោះ​ឱ្យ​ទៅ​បម្រើ​រៀង​មក ។ នាង​នោះ​ខំ​បម្រើ​ផ្គាប់​ផ្គុន​លោក​យមរាជ​ និង​លោក​ជំទាវ​មិន​ឱ្យ​​ទាស់​ចិត្ត ។ លោក​យមរាជ​និង​ជំទាវ​ ក៏​ទុក​ចិត្ត​ស្និទ្ធស្នាល​ ឱ្យ​​ចេញ​ចូល​ក្នុង​ក្រៅ​ បម្រើ​ជិត​ដិត​រៀង​មក ។ វេលា​មួយ​នោះ​ ពេល​យប់​ស្ងាត់​ស្រី​បម្រើ​នោះ​វា​ដឹង​ថា​ លោក​យមរាជ​និង​លោក​ជំទាវ​សម្រាន្ត​លក់​ហើយ​ វា​ដុត​ភ្លើង​រម្លាយ​សំណ​ឱ្យ​​ក្ដៅ​ពុះ​ ហើយ​វា​លើក​សំណ​នោះ​ចាក់​ក្នុង​មាត់​លោក​យមរាជៗ​ស្លាប់​ទៅ​រួច​ត្រឡប់​ទៅ​ដេក​តាម​កន្លែង​វិញ ។
          លុះ​ព្រឹក​ឡើង​ លោក​ជំទាវ​ភ្ញាក់​ បាន​ដឹង​ថា​ប្ដី​ខ្លួន​ស្លាប់​ ក៏​ស្រែក​ទ្រហោ​យំ ។ មនុស្ស​ផ្អើល​មក​មើល​ ឃើញ​លោក​យមរាជ​ស្លាប់​មែន​ តែ​មិន​ដឹង​ជា​ស្លាប់​ដោយ​រោគ​អ្វី​​ព្រោះ​គ្មាន​ស្លាក​ស្នាម​បន្តិច​សោះ ។ លោក​ជំទាវ​នោះ​ ទៅ​ក្រាប​ថ្វាយ​បង្គំ​ទូល​ស្ដេច​តាម​រឿង​ដែល​ស្លាប់ ។ ព្រះ​រាជា​ទ្រង់​ចាត់​ឱ្យ​​មន្រ្តី​មក​មើល​ តែ​មិន​ដឹង​ជា​ស្លាប់​ដោយ​រោគ​អ្វី​ ព្រោះ​គ្មាន​ហេតុ​ស្លាកស្នាម​ ក៏​ទៅ​ក្រាប​បង្គំ​ទូល​តាម​រឿង ។ ព្រះ​រាជា​ទ្រង់​ឱ្យ​​យក​សព​ទៅ​បញ្ចុះ​ទុក​តាម​សមគួរ ។
          ក្រោយ​នោះ​ ជា​រដូវ​បុណ្យ​ទ្វា​ទសមាស​ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ចូល​គាល់​ព្រះ​មហាក្សត្រៗ​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា​ បើ​អ្នក​ឯ​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​យមរាជ​ បាន​ដឹង​ច្បាស់​ប្រាកដ​ យើង​ឱ្យ​ធ្វើ​ទី​យមរាជ រួច​ទ្រង់​ស្ដេច​យាង​ចូល​ទៅ​ខាង​ក្នុង​វិញ ។ សេនា​បតី​ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ ក៏​ទៅ​ផ្ទះ​រៀង​ខ្លួន ។
          គ្រា​នោះ​ ចៅហ្វាយ​ស្រុក​ ដែល​ជា​សម្លាញ់​នឹង​អាចោរ​ចិត្ត​ជា​ ចង់​ធ្វើ​យមរាជ​ណាស់​បាន​ទៅ​រក​អា​ចោរ​ចិត្ត​ជាៗ​សួរ​ថា «អា​សម្លាញ់​ឯង​ មក​រក​អ្វី ? » ។ ចៅហ្វាយ​ស្រុក​ប្រាប់​ថា «អញ​មក​ មាន​ការ​សួរ​ឯង​បន្តិច​ ដ្បិត​លោក​យមរាជ​ស្លាប់​ ដោយ​ឥត​មាន​នរណា​ដឹង​ថា​ជា​ស្លាប់​ព្រោះ​រោគ​អ្វី ឥឡូវ​ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា៖ បើ​អ្នក​ឯ​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​លោក​យមរាជ​ឃើញ​ពិត​ប្រាកដ​ ទ្រង់​នឹង​ឱ្យ​ធ្វើ​ទី​យមរាជ រឿង​នេះ​ អា​សម្លាញ់​ឯង​បាន​ដឹង​ឬ​ទេ ? ដ្បិត​​អញ​ចង់​ធ្វើ​យមរាជ​ណាស់» ។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា​ រឿង​នេះ​អញ​បាន​ដឹង​ច្បាស់​ ព្រោះ​នៅ​វេលា​រាត្រី​មួយ​នោះ​ អញ​ដើរ​លួច​គេ​ហើយ​អញ​មក​អង្គុយ​ក្រោម​ផ្ទះ​មន្រ្តី​តូច​ម្នាក់​ នៅ​ខាង​ជើង​ផ្ទះ​លោក​យមរាជ​ ឆ្ងាយ​ពី​គ្នា​បន្តិច មន្រ្តី​នោះ​ប្រាប់​ស្រី​បម្រើ​ម្នាក់​ថា អញ​ស្អប់​លោក​យមរាជ​ពេក​ ចង់​សម្លាប់​ចោល​ ព្រោះ​ជា​សត្រូវ​នឹង​អញ ក្នុង​គ្រា​នេះ​ ត្រូវ​ឯង​ជួយ​អញ​ជា​ប្រាកដ​ ដូច្នេះ​ត្រូវ​ឯង​ចេញ​ពី​ផ្ទះ​អញ​ ទៅ​រក​ផ្ទះ​លោក​យមរាជ​នៅ​ បើ​គេ​ព្រម​ទទួល​ឱ្យ​នៅ​ ត្រូវ​ឯង​ខំ​បម្រើ​ឱ្យ​​ត្រូវ​ចិត្ត​គេ​ បើ​គេ​ទុក​ចិត្ត​ស្និទ្ធស្នាល​ ប្រើ​ចេញ​ចូល​ខាង​ក្នុង​វេលា​ណា​ លុះ​ដល់​យប់​ស្ងាត់​ ឯង​ត្រូវ​ដុត​ភ្លើង​រម្លាយ​សំណ​ឱ្យ​ក្ដៅ​ពុះ​ ហើយ​យក​ទៅ​ចាក់​ក្នុង​មាត់​លោក​យមរាជ​កំពុង​ដេក​លក់​ គង់​ស្លាប់​មិន​ខាន ។ រឿង​នេះ​អញ​លប​ស្ដាប់​បាន​ចាំ​ប្រាកដ ចូរ​សម្លាញ់​ឯង​ទៅ​ទូល​ស្ដេច​តាម​រឿង​នេះ​ចុះ​ តែ​ត្រូវ​ឱ្យ​គាស់​ខ្មោច​លោក​យមរាជ​នោះ​យក​មក​វះ​មើល​ បើ​ឃើញ​សំណ​នៅ​ក្នុង​ពោះ​ខ្មោច​នោះ​មែន​ អា​សម្លាញ់​ឯង​នឹង​បាន​ធ្វើ​យមរាជ​មិន​ខាន» ។ ចៅហ្វាយ​ស្រុក​ស្ដាប់​យក​ការណ៍​បាន​ហើយ​ ត្រឡប់​ទៅ​ផ្ទះ​វិញ ។
          ថ្ងៃ​ក្រោយ​ចៅហ្វាយ​ស្រុក​ ទៅ​ទូល​ស្ដេច​តាម​រឿង ស្ដេច​ទ្រង់​ឱ្យ​​ភ្នាក់​ងារ​ទៅ​ចាប់​មន្រ្តី​និង​ស្រី​នោះ​ យក​មក​ឃុំ​ទុក​ ហើយ​ទ្រង់​ឱ្យ​​គាស់​ខ្មោច​លោក​យមរាជ​យក​មក​វះ​មើល​ ឃើញ​សំណ​នៅ​ក្នុង​ពោះ​មែន​ ទើប​ទ្រង់​ឱ្យ​ជំនុំ​ជម្រះ​រឿង​នោះ​ ឯ​មេ​ស្រី​នោះ​ឆ្លើយ​ថា «ខ្ញុំ​សម្លាប់​លោក​យមរាជ​ពិត​ប្រាកដ» ទ្រង់​ឱ្យ​ប្រហារ​ជីវិត​ទាំង​ពីរ​នាក់​ចោល​ទៅ​ហើយ​ទ្រង់​ក៏​តាំង​ចៅហ្វាយ​ស្រុក​នោះ​ ឱ្យ​ធ្វើ​ទី​យមរាជ ។
          ឯ​ចៅហ្វាយ​ស្រុក​ កាល​បើ​បាន​ធ្វើ​ទី​យមរាជ​ហើយ​ ឱ្យ​បម្រើ​ទៅ​ហៅ​អា​ចោរ​ចិត្ត​ជា​ ជា​សម្លាញ់ លុះ​វា​មក​ដល់​ប្រាប់​ថា​ អា​សម្លាញ់​អើយ ! ឯង​មាន​គុណ​នឹង​អញ​ច្រើន​ណាស់​ ឥឡូវ​នេះ​អញ​បាន​ធ្វើ​យមរាជ​ហើយ , ដែល​អញ​បាន​ធ្វើ​យមរាជ​នេះ​ គឺ​ដោយ​សារ​ឯង​ជួយ​អញ​ ពី​ថ្ងៃ​នេះ​ទៅ​ឯង​កុំ​លួច​ទៀត​ អញ​ចិញ្ចឹម​មាតា​ឯង​ និង​សម្លាញ់​ឯង​លុះ​អស់​ជីវិត»
          អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា «អញ​សុំ​លួច​តែ​ម្ដង​ទៀត» ។ ថា​តែ​ប៉ុណ្ណោះ​វា​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​យប់​អា​ចោរ​ចិត្ត​ជា​ ទៅ​លួច​ដង្ខៅ​ម្នាក់​បាន​ប្រាក់​និង​សំពត់​អាវ​ជា​ច្រើន​យក​មក​ជូន​មាតា ។ លុះ​ព្រឹក​ឡើង​អា​ចោរ​ចិត្ត​ជា​មក​ប្រាប់​លោក​យមរាជ​ថា «អា​សម្លាញ់​យប់​មិញ​ អញ​លួច​គេ​ បាន​ប្រាក់​និង​សំពត់​អាវ​ច្រើន​ណាស់ ពី​ថ្ងៃ​នេះ​ត​ទៅ​ អញ​លះ​ចោល​រឿង​រក​ស៊ី​លួច​គេ​ហើយ​ អា​សម្លាញ់​ឯង​ជឿ​ចុះ» ។ លោក​យមរាជ​តប​ថា «បើ​ឯង​ឈប់​រក​ស៊ី​លួច​គេ​នោះ​ អញ​អរ​ណាស់​ បើ​ខ្វះ​ខាត​អ្វី​មក​រក​អញៗ​ ឱ្យ​ឯង​កុំ​ទើស​ទាល់​ អញ​ចិញ្ចឹម​ឯង​លុះ​អស់​ជីវិត»
          អា​ចោរ​ចិត្ត​ជា​ ក៏​លា​លោក​យមរាជ​ទៅ​ផ្ទះ​វិញ​ ទៅ​នៅ​រក្សា​មាតា​ជា​សុខ​សប្បាយ ។
          លោក​យមរាជ​ និង​អា​ចោរ​ចិត្ត​ជា​សម្លាញ់​រាប់​អាន​គ្នា​ ចិញ្ចឹម​គ្នា​ដរាប​អស់​ជីវិត​ ដូច​បាន​សន្យា​គ្នា​មក ។

មនុស្ស​ចិត្ត​ជា​ តែង​មាន​គ្នា​ជា​ទី​ពឹង


រឿង​ចណ្ឌាល​បណ្ឌិត


រឿង​ចណ្ឌាល​បណ្ឌិត

(
ចាក អ. តេ. )
(
ការ​លុប​គុណ ជា​ថ្នាំបន្សាប​លទ្ធផល​ក្នុង​លោក)


កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ​សម្បត្តិ​​ក្នុង​ក្រុង​ពារាណសី ។ កាល​នោះ​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ទ្រង់​សោយ​ព្រះ​​ជាតិ​ក្នុង​ត្រកូល​ចណ្ឌាល នា​ចណ្ឌាលគ្រាម មាន​ប្រាជ្ញា​ឈ្លាស​វាងវៃ​​ចេះ​នូវ​មន្ត​វិសេស អាច​ធ្វើ​ដើម​ឈើ​ឲ្យ​ផ្លែ​ខុស​រដូវ​បាន ។ ពួក​មហាជន​ទាំង​ឡាយ ហៅ​ព្រះ​ពោធិ​សត្វ​ថា ចណ្ឌាលបណ្ឌិត ។

សម័យ​នោះ មាន​បុត្តរបស់​បុរោ​ហិត​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណ​សី​ឈ្មោះ​ទេវបុត្តមារ ជា​មនុស្ស​ទុច្ចរិត​អកតញ្ញូ បាន​ដឹង​ថា​ចណ្ឌាលបណ្ឌិត​ចេះ​មន្ត​វិសេស​ដូច្នោះ ក៏​ចូល​ទៅ​សុំ​រៀន ទៅ​ដល់​ឃើញ​ចណ្ឌាលបណ្ឌិត កំពុង​រែក​ផ្លែស្វាយ​មក​ពី​ព្រៃ ក៏​ស្ទុះ​ទៅ​ទទួល​យក​​អំរែក​ពី​ស្មា រែក​ឡើង​ទៅ​លើ​ផ្ទះ​ដាក់​អំរែក​ហើយ ថ្វាយ​បង្គំ​សុំ​រៀន​​មន្ត​អំពី​ចណ្ឌាលបណ្ឌិត ៗ បាន​ក្រឡេក​មើល​ឃើញ​ស្គាល់​លក្ខណៈ​ជា​​មនុស្ស​មិន​ល្អ ក៏​និយាយ​ថា មន្ត​របស់​ខ្ញុំ​ពិបាក​រៀន​ណាស់ មនុស្ស​មិនល្អ​រៀន​មិន​បាន​ទេ ។

តាំង​ពី​ថ្ងៃ​នោះ​មក​ចណ្ឌាលបណ្ឌិត មិន​អើ​​ពើ​នឹង​ការ​បង្រៀន​នោះ​ឡើយ ទោះ​បី​ទេវបុត្តកុមារ​ខំ​គោរព​​ប្រតិបត្តិ​យ៉ាង​ណា​ក៏​មិន​បង្រៀន ព្រោះ​យល់​ច្បាស់​ថា បើ​រៀន​ចេះ​​ទៅ​ក៏​មិន​បាន​ការ ។ ចំណែក​ខាង​ទេវបុត្តកុមារ​ដឹង​ថា ចណ្ឌាលបណ្ឌិត​​មិន​ព្រម​បង្រៀន​ហើយ ក៏​ទៅ​និយាយ​អង្វរ​ភរិយា​របស់​ចណ្ឌាលបណ្ឌិត​​ឲ្យ​ជួយ​សុំ ។ នាង​ជា​ភរិយា​ទើស​ទាល់ពេក ព្រោះ​ទេវបុត្ត​កុមារ​បំរើ​យូ​ហើយ​មិន​ព្រម​ទៅ​ណា​សោះ​ ក៏​និយាយ​សុំ​ស្វាមី​ឲ្យ​បង្រៀន​មន្ត​ដល់​ទេវបុត្តកុមារ ។ ចណ្ឌាលបណ្ឌិត​ទើស​ទាល់​ពេក ក៏​ព្រម​បង្រៀន ។

ទេវបុត្តកុមារ​កាល​បើ​បាន​រៀន​ចេះ​ដឹង​សព្វ​គ្រប់​ហើយ សុំ​លា​ទៅ​ផ្ទះ​វិញ មុន​នឹង​ទៅ​ចណ្ឌាលបណ្ឌិត​បាន​ឲ្យ​ឱវាទថា មន្ត​នេះ​វិសេស​ណាស់ យើង​បាន​បង្រៀន​អ្នក​សព្វ​គ្រប់​អស់​ហើយ ចូរ​រក្សា​ទុក​ឲ្យ​ល្អ បើ​ទៅ​ក្នុង​ទី​ណា ៗ មាន​គេ​សួរ​ថា​ដូច​ម្ដេច​អ្នក​ត្រូវ​ឆ្លើយ​តាម​ពិត​កុំ​កុហក​ឡើយ ។ ទេវបុត្ត​កុមារ​ទទួល​ថា​សាធុ ៗ ហើយ​លា​អាចារ្យ​ចេញ​ទៅ សំដៅ​ទៅ​ក្នុង​ពារាណសី ដល់​ពាក់​កណ្ដាល​ផ្លូវ​បាន​ឃើញ​ស្វាយ​មួយ​ដើម ក៏​រាយ​មន្ត​តាម​ក្បួន​ដែល​បាន​រៀន ។ដើម​ស្វាយ​នោះ​បញ្ចេញ​ផ្កា​ផ្លែ​ចាស់​ទុំ​មួយ​រំពេច ក៏​បេះ​ផ្លែ​ស្វាយ​នោះ​រែក​ចូល​ទៅ​លក់​​ក្នុងក្រុង​ពារាណសី ។ថ្ងៃ​មួយ​អ្នក​រក្សាឱទ្យាន​របស់​ព្រះ​
បាទ​​ព្រហ្មទត្ត បាន​ឃើញ​ផ្លែ​ស្វាយ​ទុំ​ខុស​កាល​ក៏​សួរ​ហេតុផល​សព្វគ្រប់ ហើយ​ទិញ​ផ្លែ​ស្វាយ​នោះ យក​ទៅថ្វាយ​ព្រះបាទព្រហ្មទត្ត ៗ បាន​ជ្រាប​ថាទេវបុត្តកុមារ​ចេះ​មន្ត​ដូច្នោះ ទើប​ឲ្យ​រាជ​អាមាត្យ​ហៅ​ចូល​គាល់ ។

ព្រះរាជា​បាន​សាក​សួរ​សព្វ​គ្រប់​ហើយ ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​ថ្វាយ​ទត​ក៏​ឃើញ​មាន​ផ្កា​ផ្លែ​ប្រាកដ​មែន ទ្រង់​ស្ងើច​អស្ចារ្យ​ពន់​ពេក ទើប​ត្រាស់​សួរ​ថា : មន្ត​នេះ​អ្នក​ចេះ​មក​ពី​គ្រូ​ណា ? ។ ទេវបុត្តកុមារ​មនុស្ស​លុប​គុណ​គ្រូ បាន​គិត​ថា គ្រូ​របស់​អញ​ជាតិ​ចណ្ឌាល បើ​អញ​ទូល​ព្រះរាជា​តាម​ត្រង់​ថោក​ទាប​ណាស់​មិន​សម​នឹង​ខ្លួន​អញ​ដែលចេះ​មន្ត​វិជ្ជា​នេះ​ឡើយ លុះ​គិត​ដូច្នេះ​ហើយ​ក៏​ក្រាប​ទូល​ព្រះ​រាជា​ថា មន្ត​នេះ​ខ្ញុំរៀន​ចេះ​អំពី​សំណាក់​អាចារ្យ​ទិសាបាមោក្ខ នៅ​ក្នុង​កក្កសីលា ។

ព្រះរាជា​ទ្រង់​សណ្ដាប់​ហើយ​សព្វ​ព្រះរាជហឫទ័យ​ណាស់ ទ្រង់​ឲ្យ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ជា​មួយ​នឹង​ព្រះអង្គ ព្រឹក​ឡើង​បាន​នាំ​ទៅ​ឱទ្យាន មាន​សេនាយោធា​ហែរហម​ទៅ​ជា​ច្រើន ទៅ​ដល់ទ្រង់​ប្រើទេវបុត្តកុមារ​ឲ្យ​ធ្វើ​ស្វាយ​មួយ​ដើម​ឲ្យ​មហាជន​មើល ។ ទេវបុត្តកុមារ​ដើរ​ទៅ​ឈរ​ជិត​ហើយ រាយ​មន្ត​ប្រស់​ទឹក​ដើម​ស្វាយ​នោះ​អស់​វីរៈបី​ដង ស្វាយ​មិន​ផ្កា​ផ្លែ​ឡើយ ក៏​ឈរ​នៅ​ស្ងៀម ទើប​ព្រះ​រាជា​ត្រាស់​សួរ​ថា ម្នាល​ទេវបុត្តកុមារ​ហេតុ​អ្វី​ឈរ​នៅ​ស្ងៀម​ដូច​ជា​កំណាត់​ឈើ ដែល​គេបញ្ឈរ​ចោល​យ៉ាង​នេះ ទោះ​បី​ព្រះរាជា​ត្រាស់​សួរ​យ៉ាង​ណា ក៏​រក​ពាក្យ​ឆ្លើយ​មិន​រួច​ព្រោះ​ដឹង​ថា​មន្ត​រប​ស់​ខ្លួន​វិនាស​អស់​ហើយ ។ ក្នុង​ពេល​នោះ​ព្រះ​រាជា​ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង បាន​ប្រើ​ឲ្យ​អាមាត្យ​ទាក់​ក​អូស​ចោល​ទៅ​ខាង​ក្រៅ​ឱទ្យាន ។ តាំង​ពី​ថ្ងៃ​នោះ​មក​ទេវបុត្តកុមារ ក៏​សាបសូន្យ​ចាក​លាភសក្ការៈ​ដរាប​អស់​ជីវិត ។


មាន់​ព្រៃ​ជល់​គ្នា


មាន់​ព្រៃ​ជល់​គ្នា


មាន​និទាន​មាន់​ព្រៃ​ជល់​គ្នា កាល​ជល់​គ្នា​មួយ​សន្ទុះ​ធំ​មក ក៏​ដឹង​ចាញ់​ឈ្នះ មាន់​ដែល​ចាញ់​ក៏​រត់​គេច​បាត់​ទៅ ចំណែក​មាន់​ដែល​ឈ្នះក៏​សប្បាយ​ចិត្ត​ ទទះ​ស្លាប​និង​សម្ដែង​អាកប្បកិរិយា​ផ្សេងៗ បង្អួត​មាន់​មេ​ដែល​នៅ​ក្បែរ​នោះ​ទៀត​ផង រួច​ហើយ​ក៏​ហើរ​ទៅ​ទំ​លើ​ដំបូក​ខ្ពស់ ស្រែក​រងាវ​ប្រកាស​ពីជ័យ​ជម្នះ​របស់​ខ្លួន។

ពេល​នោះ មាន​សត្វ​ឥន្ទ្រី​ដ៏​ធំ​មួយ បាន​ហើរ​បោះ​ពួយ​មក​ឆាប​យក​មាន់​ដែល​ជា​អ្នក​ឈ្នះ​នោះ​ទៅ​ធ្វើ​ជា​អាហារ​ដ៏​ឆ្ងាញ់​មួយ​រំពេច​ទៅ។

រឿង​មាន់​ព្រៃ​ដែល​ជល់​ឈ្នះ​គេ​នេះ​បាន​អប់រំ​មនុស្ស​យើង​យ៉ាង​ល្អ គឺ​ពេល​ដែល​យើង​បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សម្រេច​ក្នុង​កិច្ចការ​យ៉ាង​ណា​មួយ យើង​មិន​ត្រូវ​អួត​ក្អេងក្អាង លើកតម្កើន​ខ្លួន​ឯង​នោះ​ឡើយ ព្រោះ​ការ​អួតក្អេងក្អាង វានាំ​ឲ្យ​ដូច​រឿង​និទាន​ពី​មាន់​ព្រៃ ដែល​ជល់​ឈ្នះ​គេ​នោះ​ឯង។

ក្នុង​លោក​នេះ អ្នក​ដែល​បាន​ដល់​នូវ​សេចក្ដី​សម្រេច​រមែង​ជាទី​តាំង​នៃ​ការ​សម្លឹង​មើល​នៃ​អ្នក​ដទៃ ដ៏​យ៉ាង​ច្រើន​ដូច្នេះ យើង​គួរ​តែ​ទន់​ភ្លន់ បន្ទន់​បន្ទាប​ខ្លួន ទើប​អាច​រស់​នៅ​បាន​យូ​រត​ទៅ ហើយ​ក៏​រមែង​មាន​នូវ​មិត្តភក្តិ​ច្រើន ឯ​សត្រូវ​វិញ​បើ​មាន​ក៏​តិច​តួច​ប៉ុណ្ណោះ។

មាន​ព្រះ​ពុទ្ធ​ភាសិត​មួយ​ឃ្លា បាន​សម្ដែង​ទុក​មក​ថា​ << ឈ្នះ​ខ្លួន​ឯង​ប្រសើរ​ជាង >>

ម្យ៉ាង​ទៀ​ត​ សត្វ​ឥន្ទ្រី​ក្នុង​រឿង​និទាន​នេះ ជា​ឈ្មោះ​នៃ​កិលេស​មារ។


សត្វ​ស្លាប់​ដោយ​សារ​សាច់
កាមគុណ​ផ្ដាច់​ជីវិត​មនុស្ស។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍