រឿង ចោរចិត្តជា
ប្រជុំរឿងព្រេងខ្មែរភាគទី១
ទំព័រទី ៥៧ – ៦៤
កិរដូចបានឮតៗមកថា៖
កាលនោះ មានក្មេងប្រុសម្នាក់ នៅស្រុកមួយ អ្នកស្រុកគេហៅថា «អាចោរចិត្តជា» ។ លុះក្មេងនោះ
ចម្រើនធំឡើងឪពុកស្លាប់ទៅ នៅតែម្ដាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ
តែវេលាយប់កាលណា ដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង ។
មាតាទូន្មានប្រដៅដូចម្ដេច ក៏មិនព្រមធ្វើតាម ទើបមាតាយកទៅឱ្យនៅវត្ត
រៀនអក្សរ ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តតែដើរលួចទ្រព្យគេ
យកមកចិញ្ចឹមមាតានិងអាត្មា ។ គ្រូរំឭកប្រដៅដូចម្ដេចម្ដា
ក៏មិនព្រមស្ដាប់ ។
ថ្ងៃមួយស្ដេចក្នុងនគរនោះ
ទ្រង់ចេញប្រថាប់ចុងព្រះរាជរោង ឱ្យសេនាបតី
នាហ្មឺនសព្វមុខមន្រ្តីចូលគាល់ ទ្រង់មានព្រះរាជឱង្ការថា «មានខេត្តមួយនៅទំនេរ ពុំទាន់មានឈ្មោះណាទៅឈររក្សា
បើអ្នកណាយកប្រាក់៤០កហាបណៈ មកដាក់ឃ្លាំង
យើងនឹងឱ្យទៅឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះ ។
ត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញ ។
គ្រានោះមន្រ្តីតូចម្នាក់វិលមកផ្ទះដេកកើតទុក្ខ ចង់ធ្វើចៅហ្វាយស្រុកពន់ពេក
។ លុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថា «នាងអើយ
ឥឡូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់៤០កហាបណៈ
ថ្វាយព្រះអង្គដាក់ឃ្លាំង
ទ្រង់នឹងឱ្យធ្វើចៅហ្វាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយ ដែលនៅទំនេរ»
។ ភរិយាឆ្លើយថា «ឱ! អ្នកអើយ! ចិត្តខ្ញុំចង់ឱ្យអ្នកធ្វើចៅហ្វាយស្រុកណាស់
តែសព្វថ្ងៃ យើងក្រលំបាកតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ»
និយាយហើយបន់ទេវតាថា «សូមទេវតាជួយខ្ញុំឱ្យបានប្រាក់៤០កហាបណៈថ្វាយស្ដេច
ខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានេះ» ។
ពេលនោះអាចោរចិត្តជា
វាដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះ មន្រ្តីនោះវាបានឮដូច្នោះ
មានចិត្តអាណិត ក៏យកប្រាក់៤០កហាបណៈពីផ្ទះវា វេចនឹងកំណាត់សំពត់ជាតី
មកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឱ្យមន្រ្តីនោះ រួចត្រឡប់មកវិញ ។
លុះភ្លឺច្បាស់មន្រ្តីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វេចសំពត់ជាតី
ក៏ចាប់លើកស្រាយមើលឃើញប្រាក់៤០កហាបណៈ អរណាស់ ប្រាប់ប្រពន្ធថា «យើងបានប្រាក់៤០កហាបណៈហើយ គឺទេវតាឱ្យ» ។
ប្រពន្ធស្ទុះមកមើលឃើញច្បាស់ ក៏មានចិត្តត្រេកអរពន់ពេក ។
លុះដល់ថ្ងៃរសៀល
មន្រ្តីនោះយកប្រាក់៤០កហាបណៈទៅថ្វាយស្ដេចដាក់ឃ្លាំង ។
ព្រះរាជាក៏តាំងមន្រ្តីនោះឱ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុងខេត្តនោះតទៅ
។
ឯអាចោរចិត្តជា
កាលបានដឹងថាមន្រ្តីនោះ បានធ្វើជាចៅហ្វាយស្រុកហើយ
ក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះ
ធ្វើដំណើរឱ្យគេចាប់ខ្លួនវាបាន
ឯពួកម្ចាស់ទ្រព្យក៏នាំអាចោរចិត្តជានោះ
ទៅជូនចៅហ្វាយស្រុកៗបង្គាប់មេគុកឱ្យដាក់ច្រវាក់ ឃុំទុកក្រោមផ្ទះលោក
។ វេលាយប់ស្ងាត់អាចោរចិត្តជា និយាយរអ៊ូតែម្នាក់ឯងថា «ឱ ! ហេតុតែឯងមានចិត្តអាណិតគេ
កាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯង
ប្រឹងយកប្រាក់៤០កហាបណៈវេចនឹងកំណាត់ជាតី មកឱ្យគេទាំងយប់
ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយ គេមិនមេត្តាករុណាឯងបន្តិចសោះ
គេដាក់ច្រវាក់ ឃុំឯងទុកឱ្យវេទនា» ។ អាចោរចិត្តជា
និយាយតែពាក្យដដែលៗម្នាក់ឯងមិនឈប់ ។
ឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចោរនិយាយដូច្នោះ
ក៏ប្រឹក្សាគ្នាថា «គួរឱ្យឆ្ងល់ណាស់
ចោរវានិយាយនេះត្រូវដូចរឿងខ្លួនយើង
គួរតែយើងចុះទៅសួរវាឱ្យជាក់មើល» ។
ទើបចៅហ្វាយស្រុក ចុះពីផ្ទះទៅសួរចោរនោះថា «ឯងនិយាយរឿងអ្វី
យើងឮ តែស្ដាប់បានខ្លះ មិនបានខ្លះ
ចូរឯងនិយាយរឿងនោះឱ្យយើងស្ដាប់ក្នុងវេលានេះ តាមពិតមកមើល» ។ ទើបអាចោរចិត្តជានិយាយថា «ខ្លួនខ្ញុំនេះ
ជាមនុស្សប្រព្រឹត្តចោរកម្ម ដើរតែលួចទ្រព្យគេរាល់យប់
យកមកចិញ្ចឹមជីវិត កាលដែលលោកនៅជាមន្រ្តីតូច
ពុំទាន់បានធ្វើចៅហ្វាយស្រុកនៅឡើយ វេលាយប់មួយនោះ ខ្ញុំដើរលួចគេ
ហើយមកអង្គុយក្រោមផ្ទះលោក ឮលោកនិងប្រពន្ធនិយាយថា «យើងនឹងរកប្រាក់៤០កហាបណៈពីណាបានយកទៅថ្វាយស្ដេច
ដើម្បីឱ្យបានធ្វើចៅហ្វាយស្រុកក្នុងខេត្តមួយ» ។
ប្រពន្ធលោកថា «យើងក្រីក្រម្ល៉េះ
នឹងបានប្រាក់ពីណា ?» ។
ខ្ញុំឮដូច្នោះមានចិត្តអាណិតលោក ក៏ទៅយកប្រាក់៤០កហាបណៈពីផ្ទះ
វេចនឹងកំណាត់សំពត់ជាតី មកដាក់ជិតក្បាលដំណេក ទុកជូនលោក
រួចខ្ញុំត្រឡប់ទៅវិញ ថ្ងៃក្រោយឮគេនិយាយថា «លោកបានធ្វើចៅហ្វាយស្រុក
ខ្ញុំក៏មកលួចគេក្នុងខែត្រនេះ គេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកៗ
ក៏ធ្វើទោសខ្ញុំ មិនប្រណី» ។
ចៅហ្វាយស្រុកបានស្ដាប់
ក៏ជឿជាក់ឥតសង្ស័យ ហើយថា ឱ! អាសម្លាញ់អើយ ឯងនិយាយនេះពិតប្រាកដមែន
ដែលអញបានធ្វើចៅហ្វាយស្រុក ពីព្រោះតែឯងជួយ វេលានេះឯងកុំភ័យ
កុំតូចចិត្ត អញនឹងដោះឯងឱ្យរួចចេញពីទោស មួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់តទៅ
។
ចៅហ្វាយស្រុកសួរថា
«ឯងឈ្មោះអី ?» ។
បុរសនោះជម្រាបថា «ខ្ញុំឈ្មោះអាចោរចិត្តជា» ។ សួររួចហើយ លោកចៅហ្វាយស្រុកក៏ឡើងទៅលើផ្ទះវិញ ។
លុះភ្លឺច្បាស់ចៅហ្វាយស្រុក
បង្គាប់មេគុកឱ្យដោះអាចោរចិត្តជារួចពីទោស ហើយនិយាយថា «អាសម្លាញ់ឯងនៅនឹងអញចុះ អញចិញ្ចឹមឯងពីថ្ងៃនេះតទៅ
ឯងកុំលួចគេទៀត» ។ អាចោរចិត្តជាឆ្លើយថា «រឿងលួចនោះ អញមិនឈប់ទេ ដែលអញលួចទ្រព្យគេនេះ
គ្រាន់យកទៅចិញ្ចឹមមាតាម៉េម៉ាយ» ។ ចៅហ្វាយស្រុក
ក៏ឱ្យប្រាក់៣០កហាបណៈឱ្យទៅឱ្យមាតា ។ អាចោរចិត្តជាមិនព្រមយក ។
ចៅហ្វាយស្រុកសួរថា ផ្ទះសម្លាញ់ឯងនៅឯណា ? ចូរឯងប្រាប់អញឱ្យត្រង់
។ អាចោរចិត្តជាប្រាប់ថា «អញនៅផ្ទះនោះ» ហើយលាចៅហ្វាយស្រុកទៅផ្ទះវិញ ។
គ្រានោះ
លោកយមរាជនិងមន្រ្តីតូចម្នាក់ កើតក្ដីវិវាទទាស់ទែងគ្នា ជាយូរខែហើយ,
មន្រ្តីតូចនោះ គុំគិតសម្លាប់លោកយមរាជនោះឱ្យបាន ។
មន្រ្តីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្ត
ប្រើដូចម្ដេចបានទាំងអស់ ។ ស្រីបម្រើនោះខំផ្គាប់ផ្គុនចៅហ្វាយមិនឱ្យទាស់ចិត្ត
។ វេលាយប់ស្ងាត់មន្រ្តីនោះនិយាយនឹងស្រីបម្រើថា «វេលានេះ
ចូរឯងអាណិតអញ ពីព្រោះអញស្អប់លោកយមរាជណាស់ អញចង់សម្លាប់ចោល
តែមិនដឹងរកអ្នកណាជួយរឿងនេះ សព្វថ្ងៃអញឃើញតែឯងមានប្រាជ្ញា
ហើយមន្រ្តីនោះបង្គាប់ស្រីបម្រើថា «ចូរឯងចេញពីអញទៅយកប្រាក់លោកយមរាជ
នៅនឹងគេចុះ រួចឯងខំផ្គាប់ផ្គុនគេ ឱ្យដូចកាលនៅនឹងអញ
បើឯងបម្រើខាងក្រៅ ដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាល
ត្រូវឯងចូលបម្រើខាងក្នុង លុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់
ចូរឯងរម្លាយសំណឱ្យក្ដៅពុះ រួចយកទៅចាក់ក្នុងមាត់ទៅ
លោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយ
បើឯងធ្វើបានដូចគំនិតនេះ
អញនឹងចេញប្រាក់លោះឯងមកវិញឱ្យរួចពីខ្ញុំគេ» ។
ស្រីបម្រើនោះទទួលការសព្វគ្រប់ ។
វេលាយប់នោះ
អាចោរចិត្តជាដើរលួចគេ ហើយវាមកអង្គុយក្រោមផ្ទះមន្រ្តីនោះ
កាលមន្រ្តីនោះកំពុងនិយាយបង្គាប់ស្រីបម្រើ ឱ្យសម្លាប់យមរាជដូចម្ដេចៗ
ក៏វាស្ដាប់ការណ៍បានទាំងអស់ ។
ថ្ងៃក្រោយ
ស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជ ហើយសុំនៅផង
លោកយមរាជក៏ទទួលចេញប្រាក់ លោះឱ្យទៅបម្រើរៀងមក ។
នាងនោះខំបម្រើផ្គាប់ផ្គុនលោកយមរាជ និងលោកជំទាវមិនឱ្យទាស់ចិត្ត ។
លោកយមរាជនិងជំទាវ ក៏ទុកចិត្តស្និទ្ធស្នាល ឱ្យចេញចូលក្នុងក្រៅ
បម្រើជិតដិតរៀងមក ។ វេលាមួយនោះ ពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថា
លោកយមរាជនិងលោកជំទាវសម្រាន្តលក់ហើយ
វាដុតភ្លើងរម្លាយសំណឱ្យក្ដៅពុះ
ហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជៗស្លាប់ទៅរួចត្រឡប់ទៅដេកតាមកន្លែងវិញ
។
លុះព្រឹកឡើង
លោកជំទាវភ្ញាក់ បានដឹងថាប្ដីខ្លួនស្លាប់ ក៏ស្រែកទ្រហោយំ ។
មនុស្សផ្អើលមកមើល ឃើញលោកយមរាជស្លាប់មែន
តែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានស្លាកស្នាមបន្តិចសោះ ។
លោកជំទាវនោះ ទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ ។
ព្រះរាជាទ្រង់ចាត់ឱ្យមន្រ្តីមកមើល តែមិនដឹងជាស្លាប់ដោយរោគអ្វី
ព្រោះគ្មានហេតុស្លាកស្នាម ក៏ទៅក្រាបបង្គំទូលតាមរឿង ។
ព្រះរាជាទ្រង់ឱ្យយកសពទៅបញ្ចុះទុកតាមសមគួរ ។
ក្រោយនោះ
ជារដូវបុណ្យទ្វាទសមាស នាហ្មឺនសព្វមុខមន្រ្តីចូលគាល់ព្រះមហាក្សត្រៗ
ទ្រង់មានព្រះរាជឱង្ការថា បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជ
បានដឹងច្បាស់ប្រាកដ យើងឱ្យធ្វើទីយមរាជ
រួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញ ។ សេនាបតី នាហ្មឺនសព្វមុខមន្រ្តី
ក៏ទៅផ្ទះរៀងខ្លួន ។
គ្រានោះ
ចៅហ្វាយស្រុក ដែលជាសម្លាញ់នឹងអាចោរចិត្តជា
ចង់ធ្វើយមរាជណាស់បានទៅរកអាចោរចិត្តជាៗសួរថា «អាសម្លាញ់ឯង
មករកអ្វី ? » ។ ចៅហ្វាយស្រុកប្រាប់ថា «អញមក មានការសួរឯងបន្តិច ដ្បិតលោកយមរាជស្លាប់ ដោយឥតមាននរណាដឹងថាជាស្លាប់ព្រោះរោគអ្វី
ឥឡូវស្ដេចមានព្រះរាជឱង្ការថា៖
បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដ
ទ្រង់នឹងឱ្យធ្វើទីយមរាជ រឿងនេះ អាសម្លាញ់ឯងបានដឹងឬទេ ? ដ្បិតអញចង់ធ្វើយមរាជណាស់» ។
អាចោរចិត្តជាឆ្លើយថា រឿងនេះអញបានដឹងច្បាស់
ព្រោះនៅវេលារាត្រីមួយនោះ
អញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្រ្តីតូចម្នាក់
នៅខាងជើងផ្ទះលោកយមរាជ ឆ្ងាយពីគ្នាបន្តិច
មន្រ្តីនោះប្រាប់ស្រីបម្រើម្នាក់ថា អញស្អប់លោកយមរាជពេក
ចង់សម្លាប់ចោល ព្រោះជាសត្រូវនឹងអញ ក្នុងគ្រានេះ
ត្រូវឯងជួយអញជាប្រាកដ ដូច្នេះត្រូវឯងចេញពីផ្ទះអញ
ទៅរកផ្ទះលោកយមរាជនៅ បើគេព្រមទទួលឱ្យនៅ
ត្រូវឯងខំបម្រើឱ្យត្រូវចិត្តគេ បើគេទុកចិត្តស្និទ្ធស្នាល
ប្រើចេញចូលខាងក្នុងវេលាណា លុះដល់យប់ស្ងាត់
ឯងត្រូវដុតភ្លើងរម្លាយសំណឱ្យក្ដៅពុះ
ហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់ គង់ស្លាប់មិនខាន ។
រឿងនេះអញលបស្ដាប់បានចាំប្រាកដ
ចូរសម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះ
តែត្រូវឱ្យគាស់ខ្មោចលោកយមរាជនោះយកមកវះមើល
បើឃើញសំណនៅក្នុងពោះខ្មោចនោះមែន អាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខាន»
។ ចៅហ្វាយស្រុកស្ដាប់យកការណ៍បានហើយ ត្រឡប់ទៅផ្ទះវិញ ។
ថ្ងៃក្រោយចៅហ្វាយស្រុក
ទៅទូលស្ដេចតាមរឿង ស្ដេចទ្រង់ឱ្យភ្នាក់ងារទៅចាប់មន្រ្តីនិងស្រីនោះ
យកមកឃុំទុក ហើយទ្រង់ឱ្យគាស់ខ្មោចលោកយមរាជយកមកវះមើល
ឃើញសំណនៅក្នុងពោះមែន ទើបទ្រង់ឱ្យជំនុំជម្រះរឿងនោះ
ឯមេស្រីនោះឆ្លើយថា «ខ្ញុំសម្លាប់លោកយមរាជពិតប្រាកដ»
ទ្រង់ឱ្យប្រហារជីវិតទាំងពីរនាក់ចោលទៅហើយទ្រង់ក៏តាំងចៅហ្វាយស្រុកនោះ
ឱ្យធ្វើទីយមរាជ ។
ឯចៅហ្វាយស្រុក
កាលបើបានធ្វើទីយមរាជហើយ ឱ្យបម្រើទៅហៅអាចោរចិត្តជា ជាសម្លាញ់
លុះវាមកដល់ប្រាប់ថា អាសម្លាញ់អើយ ! ឯងមានគុណនឹងអញច្រើនណាស់
ឥឡូវនេះអញបានធ្វើយមរាជហើយ , ដែលអញបានធ្វើយមរាជនេះ
គឺដោយសារឯងជួយអញ ពីថ្ងៃនេះទៅឯងកុំលួចទៀត អញចិញ្ចឹមមាតាឯង
និងសម្លាញ់ឯងលុះអស់ជីវិត» ។
អាចោរចិត្តជាឆ្លើយថា
«អញសុំលួចតែម្ដងទៀត» ។
ថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញ លុះយប់អាចោរចិត្តជា ទៅលួចដង្ខៅម្នាក់បានប្រាក់និងសំពត់អាវជាច្រើនយកមកជូនមាតា
។ លុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថា «អាសម្លាញ់យប់មិញ
អញលួចគេ បានប្រាក់និងសំពត់អាវច្រើនណាស់ ពីថ្ងៃនេះតទៅ
អញលះចោលរឿងរកស៊ីលួចគេហើយ អាសម្លាញ់ឯងជឿចុះ» ។ លោកយមរាជតបថា
«បើឯងឈប់រកស៊ីលួចគេនោះ អញអរណាស់
បើខ្វះខាតអ្វីមករកអញៗ ឱ្យឯងកុំទើសទាល់ អញចិញ្ចឹមឯងលុះអស់ជីវិត»
។
អាចោរចិត្តជា
ក៏លាលោកយមរាជទៅផ្ទះវិញ ទៅនៅរក្សាមាតាជាសុខសប្បាយ ។
លោកយមរាជ
និងអាចោរចិត្តជាសម្លាញ់រាប់អានគ្នា ចិញ្ចឹមគ្នាដរាបអស់ជីវិត
ដូចបានសន្យាគ្នាមក ។
មនុស្សចិត្តជា តែងមានគ្នាជាទីពឹង
No comments:
Post a Comment